កម្មវិធីមនុស្សធម៌ «នេះមិនមែន​ជា​សុបិន្ត» ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​សាច់ញាតិ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម ក្រោយ​សង្គ្រាម និង​ក្នុង​សម័យ​បច្ចុប្បន្ន។ សូម​ទំនាក់ទំនង​មក​យើងខ្ញុំ តាមរយៈ​​លេខ ០៩៧៥ ០៩៧ ០៩៧។ កម្មវិធី​​នេះ​​មាន​​ផ្សាយ​​ជូន​​ទស្សនា​​លើ​​កញ្ចក់​​ទូរទស្សន៍​​បាយ័ន រៀងរាល់​​ថ្ងៃ​​សុក្រ វេលា​ម៉ោង ១៨:៣០​​នាទី។
Welcome to www.closer.com.kh - It is not a dream!
ស្វែងរក
Feedback

Comments

Your Email



Organized By





ទំព័រមុខ
ករណី​លេខ ០៣៥ ដំណើររឿង លោក តឹក ទ្រី ស្វែងរក​ លោក ក្វា តឹង ត្រូវ​ជា​​ឪពុក​បង្កើត និង​លោកស្រី តឹក អេង និង​លោក តឹក ហ៊ុយ ត្រូវ​ជា​ប្អូន​ស្រី​ និង​ប្រុស​បង្កើត

          សព្វថ្ងៃ​លោក តឹក ទ្រី មាន​អាយុ​៤៤​ឆ្នាំ មាន​មុខរបរ​ជា​អ្នក​លក់​ការ៉េម​។ លោក តឹក ទ្រី មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​​។ លោក​​មាន​ឪពុក​ឈ្មោះ ក្វា តឹក ជា​ជនជាតិ​ចិន មាន​អាយុ​ប្រហែល​ជា​៩០​ឆ្នាំ​ ម្ដាយ​ឈ្មោះ តាំង សុហេង (​ស្លាប់​ជំនាន់​ប៉ុលពត​)​ និង​មាន​បង​ប្អូន​បង្កើត​ចំនួន​៥​នាក់​។ កូន​ទី​១ ឈ្មោះ តឹក ម៉េង ភេទ​ប្រុស(​ស្លាប់​នៅ​ជំនាន់​ប៉ុលពត​) ទី​២ឈ្មោះ តឹក ទ្រី ភេទ​ប្រុសជា​អ្នក​ដែល​ស្វែងរក អាយុ​៤៤​ឆ្នាំ ទី​៣ ឈ្មោះ តឹក អេង ភេទ​ស្រី ជា​អ្នក​ដែល​បាត់​ខ្លួន ​អាយុ​ប្រហែល​ជា​៤២​ឆ្នាំ ទី​៤ ឈ្មោះ តឹក ហ៊ុយ ភេទ​ប្រុស ជា​អ្នក​ដែល​បាត់​ខ្លួន មាន​អាយុ​ប្រហែល​ជា​៣៨​ឆ្នាំ ទី​៥ ប្អូន​ពៅ មិន​ចាំ​ឈ្មោះ ប៉ុន្ដែ​បាន​ស្លាប់​នៅ​ក្នុង​ជំនាន់​ប៉ុលពត តាំង​ពី​នៅ​ជា​ទារក​​ម្ល៉េះ​។
 

          មុន​ឆ្នាំ​១៩៧៥ ក្រុម​គ្រួសារ​លោក តឹក ទ្រី មាន​ដើម​កំណើត​នៅ​ទីក្រុង​ភ្នំពេញ បាន​នាំ​គ្នា​ទាំង​គ្រួសារ​នៅ​ប្រកប​មុខរបរ​ជា​អ្នក​ព្យាបាល​ជម្ងឺ​នៅ​ប៉ោយប៉ែត ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ម្ដាយ​ជា​អ្នក​លក់​ត្រី ក្នុង​ផ្សារ​ប៉ោយប៉ែត​។ ក្នុង​ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ស្រុក​អូរជ្រៅ​ទាំងអស់​គ្នា​មក​រស់​នៅ​ស្រុក​ធូប​និមិត្ត​អស់​រយៈ​ពេល​មួយ​ខែ​​ពេល​នោះ​ប្អូន​ពៅ​របស់​លោក តឹក ទ្រី បាន​ឈឺ​ហើយ​ក៏​ស្លាប់​នៅ​ទីនោះ​​។ ក្រោយ​មក​ក៏​ត្រូវ​ជម្លៀស​ចេញ​ដោយ​ជិះ​រទេះ​ភ្លើង​ទៅ​ស្ថានីយ​សូភី ទៅ​ចុះ​នៅ​ថ្ម​គោល ខេត្ត​បាត់​ដំបង ហើយ​ក៏​បញ្ជូន​ប្រជាជន​ឲ្យ​ទៅ​នៅ​លើ​ភូមិ​ទួល​ទំពូង ស្រុក​មិន​ចាំ ខេត្ត​បាត់​ដំបង​។ នៅ​ទីនោះ​ប្រជាជន​បាន​ស្លាប់​ច្រើន​ណាស់ ដោយសារ​ការ​អត់​បាយ ពេល​នោះ​ម្ដាយ​លោក តឹក ទ្រី ក៏​បាន​ស្លាប់​នៅ​ទីនោះ​ដែរ​។ ចុង​ឆ្នាំ​១៩៧៦ ក្រុម​គ្រួសារ​លោក តឹក ទ្រី ត្រូវ​ប៉ុលពត​ជម្លៀស​ជាមួយ​ប្រជាជន​ផ្សេង​ទៀត​ចេញ​ពី​ទី​ទួល​ទំពូង​​​នោះ ឲ្យ​ទៅ​នៅ​ឃុំ​បវិល ភូមិ​ក្ដុល​តា​ហែន ក្នុង​សហករណ៍​កង​លេខ​២ស្វាយ​ជ្រំ​(​សព្វ​ថ្ងៃ​ស្វាយ​ជ្រំបាន​ដូរ​ឈ្មោះ​​​ជា​​ភូមិ​បួរខេត្ត​បាត់​ដំបង​វិញ​)​។

 

          ប្រហែល​ជា​៣​ទៅ​៤​ខែ បង​ប្រុស​ឈ្មោះ តឹក ម៉េង ក៏​មាន​ជម្ងឺ​ហើយ​ស្លាប់​នៅ​ក្នុង​ភូមិ​នោះ​ទៅ​។ ក្រោយ​មក លោក តឹក ទ្រី ត្រូវ​គេ​ហៅ​ចូល​កង​ចល័ត​កុមារ​ម្នាក់​ឯង ចំណែក​ឪពុក​លោក ឈ្មោះ ក្វា តឹក និង​ប្អូន​ស្រី ប្អូន​ប្រុស មក​នៅ​ក្នុង​សហករណ៍​ភូមិ​ក្ដុល​តា​ហែន ខេត្ត​បាត់​ដំបង​ដដែល រហូត​មក​ដល់​កងទ័ព​វៀតណាម​ចូល​រំដោះ​ឆ្នាំ​១៩៧៩ លោក តឹក ទ្រី ត្រូវ​បែកបាក់​ឪពុក និង​ប្អូន​ប្រុស ប្អូន​ស្រី ដោយសារ​ពេល​នោះ​មាន​ភាព​ច្របូក​ច្របល់ លោក តឹក ទ្រី ក៏​រត់​តាម​អ្នក​ភូមិ​មក​នៅ​ចុង​អាង​សង្កែ​វា ឃុំ​បវិល ខេត្ត​បាត់​ដំបង​។ ចំណែក​​ឪពុក និង​បងប្អូន​ទៅ​នៅ​ក្នុង​ភូមិ​កំពង់​ភ្នៅ ឃុំ​បវិល ជិត​គ្នា​ដែរ​។ លោក តឹក ទ្រី ទៅ​មក​រក​ឪពុក​និង​ប្អូន​ៗ​ជា​ធម្មតា​។ ប្រហែល​ជា​៣​ទៅ​៤​ខែ​ក្រោយ​មក គាត់​ទៅ​រក​ឪពុក​គាត់​មិន​បាន​ជួប​ទេ តែ​លោក​ឪពុក ក្វា តឹក បាន​ផ្ដាំ​នឹង​អ្នក​ស្រុក​ជិត​ខាង​ថា​គាត់​ទៅ​នៅ​ថ្ម​គោល​ ខេត្ត​បាត់​ដំបង ជាង​១០​ថ្ងៃ​ហើយ​។ ចាប់​ពី​ពេល​នោះ​មក លោក តឹក ទ្រី លែង​បាន​ជួប​ឪពុក ប្អូន​ប្រុស និង​ប្អូន​ស្រី​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។


          ឆ្នាំ​១៩៨៦​-​៨៧ លោក តឹក ទ្រី បាន​ទទួល​ដំណឹង​ពី​ពូ​ម្នាក់​ឈ្មោះ ឈឺត បច្ចុប្បន្ន​ធ្វើ​ពេទ្យ​ស្រុក​(​មិន​ចាំ​ឈ្មោះ​ស្រុក​)​ខេត្ត​បាត់​ដំបងថា​គាត់​បាន​ជួប​នឹង​ពូ ក្វា តឹក និង​ប្អូន​ស្រី​-​ប្អូន​ប្រុស លក់​គុយទាវ​នៅ​ជំរុំ​ចាស់ នៅ​ក្នុង​ទឹក​ដី​ថៃ​។ ពេល​ដែល​ដឹង​ដំណឹង​នេះ​ភ្លាម គាត់​ចង់​ធ្វើ​ដំណើរ​ទៅ​រក​ឪពុក​ដែរ​ តែ​មិន​ហ៊ាន​ទៅ​ដោយ​ខ្លាច​ជាន់​មីន​ស្លាប់​។ ឆ្នាំ​១៩៩៣​-​៩៤ លោក តឹក ទ្រី បាន​មក​រស់នៅ ខេត្ត​ពោធិ៍សាត់ ហើយ​ក៏​មាន​គ្រួសារ​នៅ​ទីនោះ​រហូត​ដល់​សព្វ​ថ្ងៃ​។ លោក តឹក ទ្រី កំពុង​ស្វែងរកទី​១គឺ​ឪពុក​បង្កើត​ឈ្មោះ ក្វា តឹក ជនជាតិ​ចិនគាត់​ជា​អ្នក​លក់​ថ្នាំ​ចិនសែនៅជំនាន់​លន់នុល អាយុ​ប្រហែល​៦០​ឆ្នាំ ទី​២ គឺ​ប្អូន​ស្រី ឈ្មោះ តឹក អេង មាន​អាយុ​ប្រហែល​៤២​ឆ្នាំ ​ទី​៣គឺ​ប្អូន​ប្រុស ឈ្មោះ តឹក ហ៊ុយ មាន​អាយុ​ប្រហែល​៣៨​ឆ្នាំ។


          ប្រសិន​បើ​ឈ្មោះ ក្វា តឹង ដែល​ត្រូវ​ជា​ឪពុក​បង្កើត និង​ប្អូន​ប្រុស​ស្រី របស់​លោក តឹក ទ្រី ​ឭ​ដំណឹង​នេះ​ឬ​លោក​អ្នក​ដែល​បាន​ស្គាល់​ឬ​ក៏​ប្រទះ​ជួប​អ្នក​ដែល​មាន​ភិនភាគ​ដូច​ដែល​បាន​រៀប​រាប់​ជូន​ខាង​លើ​សូម​ទស្សនិកជន​ទំនាក់ទំនង​មក​កាន់​កម្មវិធី​យើង​ខ្ញុំ​តាម​រយៈ​ទូរសព្ទ័​លេខ ០​៩​៧​៥ ០​៩​៧​ ០​៩​៧ ឬ មក​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៅ​ អគ្គនាយកដ្ឋាន​វិទ្យុ និង ទូរទស្សន៍​បាយ័ន៕