សព្វថ្ងៃ អ្នកស្រី ឡុង ភូ មានអាយុប្រហែល៦០ឆ្នាំ។ អ្នកស្រី ឡុង ភូ កំពុងស្វែងរកឪពុកបង្កើត ដែលគាត់មិនធ្លាប់បានស្គាល់ត្រកូលរបស់ឪពុកគាត់នោះទេ ប៉ុន្តែគាត់ធ្លាប់បានឮលោកយាយរបស់គាត់ហៅថាលោក ថាន់ៗ។ អ្នកស្រី ឡុង ភូ ជាកូនតែមួយគត់របស់លោកឪពុក ថាន់ និង ហ៊ ភិម ហើយអ្នកម្ដាយ ហ៊ ភិម មានស្រុកកំណើតនៅ ភូមិ ធិនកឹង ហៅ ភូមិនាសាគិរី ឃុំសោម ស្រុកគិរីវង្ស ខេត្តតាកែវ ម្ដាយគាត់មានបងប្អូនបង្កើតភ្លោះ ឈ្មោះ ហ៊ ផាត់ ត្រូវជាប្អូនបង្កើត។ លោក ថាន់ មានមុខងារជាទាហ៊ានឥស្សរ មានសញ្ជាតិ វៀតណាមកាត់ចិន។
ឆ្នាំ១៩៥១ លោក ថាន់ ត្រូវបានកងទ័ពបារាំងឡោមព័ទ្ធផ្ទះដើម្បីចាប់ខ្លួន ហើយគាត់បានលោតពីលើផ្ទះដើម្បីគេចខ្លួន ចាប់តាំងពីពេលនោះមកក៏បាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។ លុះដល់ឆ្នាំ១៩៨៦ មានអ៊ុំម្នាក់ឈ្មោះ ហ៊ៃ មានទីលំនៅភ្នំជាផ្តី បានមកសួររកយាយ ប្រិម ដែលមានកូនភ្លោះស្រី២នាក់ ដែលម្នាក់បានការជាមួយលោក ថាន់ បានកូនស្រីមួយនោះ ស្លាប់ ឬ ក៏រស់។ អ្នកស្រី ឡុង ភូ ក៏បានជួបនឹងអ៊ុំ ហៃ គាត់បានប្រាប់ថា លោក ថាន់ នៅរស់ទេ សព្វថ្ងៃគាត់ធ្វើការនៅទីរួមខេត្តតាកែវ។ បន្ទាប់មកអ្នកស្រី ឡុង ភូ បានទៅរកនៅកន្លែងជំនាញការវៀតណាមក្នុងទីរួមខេត្តតាកែវ ប៉ុន្តែអ្នកធ្វើការនៅទីនោះប្រាប់ថាមិនអាចចូលបានទេ ហើយគ្មានឈ្មោះ ថាន់ ធ្វើការទីនោះទេ។ ទោះបីជាអ្នកស្រី ឡុង ភូ បានបែកបាក់ពីឪពុកអស់រយះពេលជាយូរណាស់មកហើយ ក៏អ្នកស្រីនៅតែនឹក និង ខិតខំស្វែងរកលោកឪពុកគ្រប់ទីកន្លែង។
ប្រសិនបើ លោក ថាន់ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកស្រី ឡុង ភូ បានឭដំណឹងនេះឬលោកអ្នកដែលបានស្គាល់ឬក៏ប្រទះជួបអ្នកដែលមានភិនភាគដូចដែលបានរៀបរាប់ជូនខាងលើសូមទស្សនិកជនទំនាក់ទំនងមកកាន់កម្មវិធីយើងខ្ញុំតាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ឬ មកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍បាយ័ន។