លោក សួន សំណាងពលី កើតនៅឆ្នាំ១៩៥២ មានស្រុកកំណើតនៅ ក្រុងភ្នំពេញ។ លោក សួន សំណាងពលី មានបងប្អូនបង្កើតចំនួន៥នាក់ ទី១ឈ្មោះ សួន សំណាងពលី ទី២ឈ្មោះ សួន សំណារ៉េត ទី៣ឈ្មោះ សួន សម្បត្តិ ទី៤ឈ្មោះ សួន សំណាវុធ ទី៥ឈ្មោះ សួន ស្រី។ លោក សំណាងពលីមានឪពុកឈ្មោះ សួន សៀន មានមុខរបរធ្វើជាទាហានកាលពីសម័យលន់នុល គាត់បានស្លាប់នៅក្នុងឆ្នាំ(១៩៧៧) ក្នុងរបបប៉ុលពត។ ចំណែកឯម្តាយរបស់លោកឈ្មោះ សាម នាង ក៏បានស្លាប់នៅក្នុងរបបប៉ុលពតដែរ។ បងប្អូនបង្កើតរបស់លោកចំនួន៣នាក់ក៏បានស្លាប់ក្នុងឆ្នាំ១៩៧៧ដែរ។
កាលសម័យ លន់ នុល គ្រួសាររបស់លោក សួន សំណាងពលី រស់នៅទីក្រុងភ្នំពេញ ម្តុំពោធិ៍ចិនតុង។ ក្រោយមកឆ្នាំ១៩៧៥ ពួកទាហានប៉ុលពត បានជម្លៀសគ្រួសាររបស់លោក សំណាងពលី ចេញពីទីក្រុងភ្នំពេញទៅនៅក្នុង ភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង។ តែគួរជាអកុសលឪពុកម្តាយ និងប្អូនចំនួន៣នាក់របស់លោក សំណាងពលី បានស្លាប់ក្នុងរបបប៉ុលពត ឆ្នាំ១៩៧៧ ដោយសារជម្ងឺ និងអត់បាយ នៅសល់តែលោក សំណាងពលី និងលោក សំណារ៉េត ពីរនាក់បងប្អូន កំព្រាអត់ទីពឹងជួបការលំបាកវេទនាស្ទើរតែស្លាប់ក្នុងរបបប៉ុលពត។ ដោយសារតែការតស៊ូអត់ធ្មត់ លោក សំណាងពលី និងលោក សំណារ៉េត ពីរនាក់បងប្អូនបានសុំប្រជាជនចាស់ៗនៅក្នុងភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រស់នៅជាមួយ ទើបបានរស់រានមានជីវិតមកដល់សព្វថ្ងៃ។
បន្ទាប់មក លោក សំណាងពលី និងលោក សំណារ៉េត មិនបានវិលត្រឡប់មកភ្នំពេញវិញទេ ព្រោះឪពុកម្ដាយរបស់លោក បានស្លាប់អស់ហើយ ម៉្យាងទៀតលោក សំណាងពលី និងប្អូនប្រុសមិនចាំភូមិស្រុកកំណើត និងផ្ទះសំបែងរបស់លោកច្បាស់លាស់ ព្រោះកាលនោះលោកទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ។ ដូច្នេះហើយ ទើបលោកសម្រេចចិត្តរស់នៅខេត្តបន្ទាយមានជ័យជាមួយនឹងប្អូនប្រុសរបស់លោករហូតមកដល់បច្ចុប្បន្ន។ សព្វថ្ងៃនេះ លោកចង់ស្វែងរកសាច់ញាតិទាំងខាងឪពុកទាំងខាងម្ដាយ។
ប្រសិនបើសាច់ញាតិរបស់លោក សួន សំណាងពលី ដែលបានបែកបាក់គ្នានៅក្នុងសម័យ ប៉ុលពត បានឭដំណឹងនេះសូមទំនាក់ទំនងមកកាន់កម្មវិធីយើងខ្ញុំតាមរយៈទូរសព្ទ័លេខ ០៩៧៥ ០៩៧ ០៩៧ ឬ មកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និង ទូរទស្សន៍បាយ័ន៕